Revelation of John 22

1បន្ទាប់មកទេវតា​នោះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំឃើញទន្លេទឹកជីវិតមួយថ្លាដូចជាកែវចរណៃ​ហូរ​ចេញពីបល្ល័ង្ក​របស់​ព្រះជាម្ចាស់និង​បល្ល័ង្ក​របស់កូនចៀម 2មកតាម​បណ្ដោយ​ផ្លូវ​នៃ​ក្រុងនោះ​គឺ​ចំកណ្ដាលផ្លូវហើយ​នៅ​សងខាង​ទន្លេ​មាន​ដើមជីវិត​ដែល​មានផ្លែដប់ពីរ​គឺ​ឲ្យផលរៀងរាល់ខែរីឯស្លឹករបស់ដើមឈើ​នោះ​សម្រាប់ប្រោសជនជាតិទាំងឡាយ​ឲ្យ​បាន​ជា 3គ្រប់ទាំងបណ្ដាសាលែងមាន​នៅក្នុង​ក្រុង​នោះ​ទៀត​ហើយ​គឺ​មាន​តែ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់និង​បល្ល័ង្ក​របស់កូនចៀម​ប៉ុណ្ណោះ​នៅក្នុង​ក្រុង​នោះហើយ​ពួក​បាវបម្រើរបស់ព្រះអង្គ​នឹង​បម្រើព្រះអង្គ 4ពួកគេនឹង​ឃើញ​ព្រះ​ភក្រ្ដ​របស់​ព្រះអង្គហើយ​ព្រះ​នាម​របស់​ព្រះអង្គ​នឹង​នៅលើថ្ងាសរបស់ពួកគេ 5ក្រុងនោះ​លែងមានយប់​ទៀត​ហើយ​ពួកគេ​មិនត្រូវការពន្លឺចង្កៀងពន្លឺព្រះអាទិត្យ​ទៀត​ឡើយព្រោះព្រះអម្ចាស់​ដ៏​ជា​ព្រះ​នឹង​បំភ្លឺពួកគេហើយ​ពួកគេ​នឹង​សោយរាជ្យអស់កល្បជានិច្ច 6ទេវតានោះ​ក៏និយាយ​មក​ខ្ញុំថា៖ ​«ពាក្យទាំងនេះ​ជា​ពាក្យពិតហើយគួរ​ឲ្យ​ជឿ»។ ​ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​បាន​ចាត់ទេវតា​របស់​ព្រះអង្គ​មក​បង្ហាញអោយ​ពួក​អ្នក​បម្រើព្រះអង្គ​ឃើញ​ហេតុការណ៍ដែលត្រូវកើតឡើង​ក្នុង​ពេល​ឆាប់ៗ 7«មើល៍​យើង​នឹង​មក​ជា​ឆាប់។ ​មាន​ពរ​ហើយ​អ្នក​ដែលកាន់តាមសេចក្ដី​ដែល​បាន​ថ្លែង​ទុកក្នុងសៀវភៅនេះ»។ 8ខ្ញុំ‌យ៉ូហាន‌​ជា‌​អ្នក‌​ដែល‌​បាន‌​ឮ​និង‌​បាន‌​ឃើញ‌​ហេតុការណ៍‌​ទាំង‌នេះ​ហើយ‌​ពេល‌​ដែល‌​ខ្ញុំ​បាន‌‌​ឮ​និង​បាន‌‌‌​ឃើញ​ខ្ញុំ‌​ក៏‌​ក្រាប‌​ចុះ​នៅ‌​ទៀប‌​ជើង​របស់‌​ទេវតា‌​ដែល‌​បាន‌​បង្ហាញ‌​ខ្ញុំ‌​ឲ្យ‌​ឃើញ‌​ហេតុការណ៍‌​ទាំង‌នេះ​ដើម្បី‌‌​ថ្វាយបង្គំ‌ 9ប៉ុន្តែលោក​និយាយ​មក​ខ្ញុំថា៖ ​«មិន​ត្រូវ​ធ្វើ​ដូច្នោះឡើយ! ​ខ្ញុំ​ក៏​ជា​អ្នកបម្រើ​រួមការងារ​ជាមួយ​អ្នកជាមួយ​ពួក​អ្នក​នាំ​ព្រះបន្ទូល​ជា​បងប្អូន​របស់​អ្នកនិង​ជាមួយ​អស់​អ្នកដែលកាន់តាម​ព្រះ​បន្ទូលក្នុងសៀវភៅនេះ​ដែរ​ត្រូវ​ថ្វាយបង្គំព្រះជាម្ចាស់​វិញ»។ 10លោកនិយាយ​មក​ទៀតខ្ញុំថា៖ ​«កុំលាក់សេចក្ដី​ដែល​បាន​ថ្លែង​ទុកក្នុងសៀវភៅនេះ​ឡើយ​ដ្បិតពេលកំណត់​ជិត​ដល់ហើយ 11អ្នកដែលទុច្ចរិត​អោយ​អ្នក​នោះ​នៅតែ​ទុច្ចរិត​ទៅ! ​ហើយ​អ្នក​ដែល​ស្មោក​គ្រោកនៅតែស្មោកគ្រោកចុះ! ​​អ្នក​ដែលសុចរិតអោយនៅតែប្រព្រឹត្តអំពើសុចរិត​ទៅ​ហើយ​អ្នក​ដែល​បរិសុទ្ធ​ក៏​នៅ​តែ​រក្សា​ខ្លួន​អោយ​បរិសុទ្ធ​ទៀត​ចុះ»។ 12«មើល៍​យើង​នឹង​មក​ជា​ឆាប់ទាំង​យក​រង្វាន់​របស់​យើង​មក​ជាមួយ​ដើម្បី​ចែក​អោយ​គ្រប់​គ្នាតាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត 13យើងជាអាលផានិងអូមេកា​គឺ​មុន​គេនិងក្រោយ​គេ​បង្អស់​ជា​ដើមនិង​ជា​ចុង​បំផុត»។ 14មានពរ​ហើយ​អស់​អ្នក​ណា​ដែលលាងអាវវែង​របស់​ខ្លួនដើម្បី​អោយ​គេ​មានសិទ្វិ​ទៅ​ដល់ដើមជីវិតនិងចូលទៅក្នុងក្រុងតាមទ្វារ 15ខាងក្រៅគឺ​ជា​ពួក​ឆ្កែ​ពួក​មន្តអាគម​ពួក​ផិតក្បត់​ពួក​កាប់សម្លាប់គេ​ពួក​ថ្វាយបង្គំ​រូបព្រះនិងអស់​អ្នក​ដែលស្រឡាញ់ហើយប្រព្រឹត្តសេចក្ដីភូតភរ 16«យើងយេស៊ូ​បាន​ចាត់​ទេវតា​របស់​យើង​មក​ធ្វើបន្ទាល់​ពី​សេចក្ដី​ទាំងនេះ​ប្រាប់​អ្នករាល់គ្នា​ជា​ប្រយោជន៍​ដល់ក្រុមជំនុំ។ ​យើងជា​ឫស​កែវនិង​ជា​ពូជ​របស់​ដាវីឌ​ជា​ផ្កាយព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង»។ 17ព្រះវិញ្ញាណនិង​កូន​ក្រមុំពោល​ឡើង​ថា៖ ​«យាង​មក» ​ហើយ​អ្នក​ដែល​អោយ​អ្នក​នោះ​ពោល​ឡើង​ថា៖ ​«យាង​មក»។ ​អ្នក​ដែលស្រេក​អោយ​អ្នក​នោះ​ចូលមក​អ្នក​ដែលចង់បាន​អោយ​អ្នក​នោះ​ទទួលយកទឹកជីវិត​ដោយ​ឥត​គិត​ថ្លែ​ចុះ។ 18ខ្ញុំធ្វើបន្ទាល់​ប្រាប់​អស់អ្នកដែលព្រះបន្ទូលថ្លែង​ទុក​ក្នុងសៀវភៅនេះ​ថា​បើអ្នកណាបន្ថែមអ្វីទៅក្នុង​សេចក្ដី​ទាំងនេះព្រះជាម្ចាស់​នឹង​បន្ថែមគ្រោះកាចដែលបាន​សរសេរ​ទុកក្នុងសៀវភៅនេះដល់អ្នកនោះ 19ហើយបើអ្នកណាដកអ្វី​ចេញ​ពីព្រះបន្ទូលដែល​ថ្លែង​ទុក​ក្នុង​សៀវភៅនេះព្រះជាម្ចាស់​នឹង​ដកចំណែក​របស់​គេពី​ដើម​ឈើជីវិតនិងពី​ទី​ក្រុងបរិសុទ្ធដែលបាន​សរសេរ​ទុកក្នុងសៀវភៅនេះ​ចេញ​ពី​អ្នក​នោះ។ 20ព្រះអង្គដែល​ធ្វើបន្ទាល់​ពី​សេចក្ដី​ទាំងនេះមានបន្ទូលថា៖ ​«មែន​ហើយ​យើង​នឹង​មក​ជាឆាប់»។ ​អាម៉ែនព្រះអម្ចាស់យេស៊ូអើយ​សូម​យាង​មក 21សូមអោយ​អ្នករាល់គ្នា​បាន​ប្រកបដោយ​ព្រះ​គុណរបស់ព្រះអម្ចាស់យេស៊ូ។ ​អាម៉ែន​៕
Copyright information for KhmKCB